នាឡន្ទសូត្រ ឬនាលន្ទសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 92

និងទោមនស្សក្នុងលោកចេញ ។ កាលភិក្ខុនោះ ពិចារណាឃើញនូវធម៌ក្នុង ធម៌ទាំងឡាយជាប្រក្រតី ចិត្តក៏ប្រាសចាកតម្រេក រួចស្រឡះចាកអាសវៈ ទាំងឡាយ ព្រោះមិនប្រកាន់មាំ ។ ម្នាលសារីបុត្រ ភិក្ខុដែលឈ្មោះថា មាន ចិត្តរួចស្រឡះ យ៉ាងនេះឯង ។ ម្នាលសារីបុត្រ តថាគតហៅថា មហាបុរស ព្រោះមានចិត្តរួចស្រឡះ មិនមែនហៅថា មហាបុរស ព្រោះមិនមានចិត្តរួច ស្រឡះទេ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវ័ន ជិតក្រុងនាឡន្ទា ។ គ្រានោះឯង ព្រះសារីបុត្រដ៏មានអាយុ ចូលទៅគាល់ព្រះ ដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះព្រះសារីបុត្រដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មានចិត្តជ្រះថ្លា ចំពោះព្រះដ៏មានព្រះភាគយ៉ាងនេះ សមណៈ ឬព្រាហ្មណ៍ ដទៃ មានសេចក្តីត្រាស់ដឹងលើសជាងព្រះដ៏មានព្រះភាគ ក្នុងសម្ពោធិញ្ញាណ នេះ មិនមានក្នុងអតីតកាលផង មិនមានក្នុងអនាគតកាលផង មិនមានក្នុង បច្ចុប្បន្នកាលផងឡើយ ។ ម្នាលសារីបុត្រ អាសភិវាចា ( វាចាដ៏អង់អាច ) នេះ ដែលអ្នកបានពោលហើយ លើសលុបពេកណាស់ សីហនាទដែលខ្លួន កាន់យកតែមួយចំណែក អ្នកបានបន្លឺឡើងហើយថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តជ្រះថ្លា ក្នុងព្រះដ៏មានព្រះភាគយ៉ាងនេះ សមណៈ ឬព្រាហ្មណ៍ ដទៃ មានសេចក្តីត្រាស់ដឹងក្រៃលែង ជាព្រះដ៏មានព្រះភាគ ក្នុងសម្ពោធិញ្ញាណនេះ មិនមានក្នុងអតីតកាលផង មិនមានក្នុងអនាគតកាលផង មិន មានក្នុងបច្ចុប្បន្នកាលផង ។