អដ្ឋកថា ចុន្ទសូត្រ ទី ៣ - ចុន្ទសមណុទ្ទេស

ក្បាលទី 24 · ទំព័រ 112

គប្បីជ្រាបវិនិច្ឆ័យក្នុងចុន្ទសូត្រទី ៣ ដូចតទៅនេះ បទថា មគធេសុ គឺក្នុងជនបទមានឈ្មោះយ៉ាងនោះ ។ បទថា នាឡកគ្គាមកេ គឺ ក្នុងស្រុកមានឈ្មោះយ៉ាងនោះ ដែលជារបស់ត្រកូលខ្លួន មិនឆ្ងាយអំពីក្រុង រាជគ្រឹះ ។ បទថា ចុន្ទោ សមណុទ្ទេសោ សេចក្តីថា ព្រះថេរៈនេះ ជាប្អូនប្រុស របស់ព្រះធម្មសេនាបតី ក្នុងកាលដែលលោកមិនទាន់ឧបសម្បទា ពួកភិក្ខុ តែងហៅថា ចុន្ទសមណុទ្ទេស លុះបួសជាព្រះថេរៈ ក៏នៅតែហៅយ៉ាងនោះ ដដែល ព្រោះហេតុនោះ ទើបពោលថា ចុន្ទសមណុទ្ទេស ។ បទថា ឧបដ្ឋាកោ ហោតិ សេចក្តីថា ជាអ្នកបម្រើដោយទឹកលុបមុខ ឈើស្ទន់ ទឹកឆាន់ បោសបរិវេណ ច្របាច់ខ្នង និងទទួលបាត្រចីវរជាដើម ។ បទថា បរិនិព្វាយី សេចក្តីថា បរិនិព្វានហើយ ដោយអនុបាទិសេសនិព្វានធាតុ ។ សួរថា លោកបរិនិព្វានក្នុងកាលណា ឆ្លើយថា ក្នុងឆ្នាំបរិនិព្វាន របស់ ព្រះមានព្រះភាគ ក្នុងរឿងនោះ មានអនុបុព្វីកថាដូចតទៅ ព្រះសារីបុត្តបរិនិព្វាន បានឮថា ព្រះមានព្រះភាគ ទ្រង់ចាំវស្សាហើយ ទ្រង់ចេញអំពីស្រុក វេឡុវៈ ទ្រង់ព្រះតម្រិះថា តថាគតនឹងទៅកាន់ក្រុងសាវត្ថី ហើយទ្រង់ត្រឡប់ អំពីផ្លូវដែលយាងមកនោះឯង ដល់ក្រុងសាវត្ថីដោយលំដាប់ ហើយយាងទៅ វត្តជេតពន ។