អដ្ឋកថា ឧក្កចេលសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 136

គប្បីជ្រាបវិនិច្ឆ័យក្នុងចេលសូត្រទី ៤ ដូចតទៅនេះ បទថា អចិរបរិនិព្វុតេសុ សារិបុត្តមោគ្គល្លានេសុ សេចក្តីថា កាលអគ្គសាវ័កទាំង ២ បរិនិព្វានយូរហើយក៏មិនមែន បណ្តាអគ្គសាវ័កទាំង ២ នោះ ព្រះធម្មសេនាបតីបរិនិព្វានក្នុងថ្ងៃពេញបូណ៌មីខែកត្តិក បន្ទាប់អំពីនោះ កន្លងមកកន្លះ ខែ ក្នុងថ្ងៃឧបោសថនៃកាឡបក្ខ កន្លះខែនោះ ទើបព្រះមហាមោគ្គល្លានបរិនិព្វាន ។ ព្រះសាស្តាកាលអគ្គសាវ័កទាំង ២ បរិនិព្វានហើយ មានពួកភិក្ខុ ច្រើនចោមរោម យាងចារិកទៅក្នុងមហាមណ្ឌលជនបទ ដល់ឧក្កចេលនគរ ដោយលំដាប់ ទ្រង់ទៅបិណ្ឌបាតក្នុងឧក្កចេលនគរ ហើយប្រថាប់នៅលើឆ្នេរ ខ្សាច់មានពណ៌ដូចប្រាក់ ត្រង់ស្ទឹងគង្គា ព្រោះហេតុនោះ ទើបលោកពោលថា កាលព្រះសារីបុត្រ និងព្រះមោគ្គល្លានបរិនិព្វានហើយមិនយូរបុន្មាន ។ ក្នុងបទថា យេ មហន្តតរា ខន្ធា តេ បលុជ្ជេយ្យុំ អធិប្បាយ ថា ពួកភិក្ខុប្រៀបដូចដើមព្រីងធំកម្ពស់ ១០០ យោជន៍ ព្រះអគ្គសាវ័កទាំង ២ ប្រៀបដូចព្រីងធំទាំង ២ ប្រមាណ ៥០ យោជន៍ ផ្សាយទៅខាងស្តាំ និង ខាងឆ្វេងនៃដើមឈើនោះ ។ ពាក្យដ៏សេសគួរប្រកបក្នុងន័យមុននោះឯង ។