ឧត្តិយសូត្រ ទី ៦
ក្បាលទី 24 · ទំព័រ 139
សាវត្ថីនិទាន ។ គ្រានោះ ព្រះឧត្តិយៈដ៏មានអាយុ ចូលទៅគាល់ ព្រះដ៏មានព្រះភាគ ។ បេ ។ លុះព្រះឧត្តិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរ ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងធម៌ ដោយសង្ខេបដល់ខ្ញុំព្រះអង្គ ព្រោះថា ខ្ញុំព្រះអង្គ កាលបើបានស្តាប់ធម៌របស់ព្រះដ៏មានព្រះភាគហើយ ជា បុគ្គលម្នាក់ឯង ចៀសចេញចាកពួក មិនបានប្រមាទ មានព្យាយាមជាគ្រឿង ដុតកម្តៅនូវកិលេស មានចិត្តស្លុងទៅរកព្រះនិព្វាន ។ ម្នាលឧត្តិយៈ បើដូច្នោះ ក្នុងសាសនានេះ អ្នកចូរជម្រះនូវដើមនៃកុសលធម៌ទាំងឡាយសិន ។ ចុះអ្វី ជាដើមនៃកុសលធម៌ទាំងឡាយ ។ គឺសីលស្អាតល្អ ១ ទិដ្ឋិត្រង់ ១ ។