សុទ្ធសូត្រ ទី ៤ - សតិប្បដ្ឋាន៤

ក្បាលទី 24 · ទំព័រ 84

ដឹងច្បាស់ថា ចិត្តអាត្មាអញមិនបានតាំងទុក ( ក្នុងអារម្មណ៍ខាងក្រៅ ) មួយ ទៀត ដឹងច្បាស់ថា ចិត្តអាត្មាអញមិនបានរាយមាយ រួចផុតស្រឡះហើយ មិន បានតាំងទុក ( ក្នុងអារម្មណ៍ខាងក្រៅ ) ទាំងក្រោយ ទាំងមុន មួយវិញទៀត ដឹងច្បាស់ថា អាត្មាអញជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយជា ប្រក្រតី មានព្យាយាមដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី មានសេចក្តី សុខ ។ ម្នាលអានន្ទ ការមិនតាំងចិត្តហើយភាវនា យ៉ាងនេះឯង ។ ម្នាលអានន្ទ ការតាំងចិត្តហើយភាវនា តថាគតសម្តែងហើយ ការមិនតាំងចិត្ត ហើយភាវនា តថាគតក៏បានសម្តែងហើយ ដោយប្រការដូច្នេះឯង ។ ម្នាល អានន្ទ កិច្ចឯណាដែលព្រះសាស្តា ជាអ្នកស្វែងរកនូវប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យនូវសេចក្តីអនុគ្រោះ គប្បីធ្វើដល់សាវ័កទាំងឡាយ កិច្ចនោះ តថាគតបានធ្វើហើយ ដល់អ្នកទាំងឡាយ ។ ម្នាលអានន្ទ កិច្ចទាំងនុ៎ះ គឺ ម្លប់ឈើ កិច្ចទាំងនុ៎ះ គឺទីស្ងាត់ ។ ម្នាលអានន្ទ អ្នកទាំងឡាយ ចូរពិចារណា ចូរកុំប្រមាទ កុំមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ នេះ ជាអនុសាសនី គឺពាក្យប្រៀនប្រដោរបស់តថាគត ចំពោះអ្នកទាំងឡាយ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវភាសិតនេះហើយ ។ ព្រះអានន្ទដ៏មានអាយុ ក៏ពេញចិត្តរីករាយ ចំពោះភាសិត ព្រះដ៏មានព្រះភាគ ។