អញ្ញតរព្រាហ្មណសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 85

ឧទ្ទាននៃអម្ពបាលិវគ្គនោះ គឺ និយាយអំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង អម្ពបាលិវ័ន មាន ២ លើក អំពីភិក្ខុមានស្មារតី ១ អំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង ព្រាហ្មណគ្រាម ឈ្មោះកោសល ក្នុងដែន កោសល ១ អំពីគំនរអកុសល និងកុសល ១ អំពីសត្វខ្លែងឆាបប្រចៀច ១ អំពីប្រទេសដែល សត្វស្វា និងមនុស្សទៅបានដោយលំបាក ១ អំពី ជនអ្នកចម្ហិននូវភត្ត ១ អំពីព្រះដ៏មានព្រះភាគ ទ្រង់ព្រះប្រឈួនជាទម្ងន់ ១ អំពីព្រះអានន្ទដ៏ មានអាយុចូលទៅកាន់លំនៅភិក្ខុនីមួយរូប ១ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងភិក្ខុនីសូត្រទី ១០ ដូចតទៅនេះ បទថា តេនុបសង្កមិ សេចក្តីថា ព្រះអានន្ទចូលទៅរក ដោយគិតថា អញនឹងឲ្យ ពួកភិក្ខុនីដែលបំពេញកម្មដ្ឋាន មានក្នុងសម្នាក់នោះកើតនូវសេចក្តីខ្វល់ខ្វាយ ហើយ នឹងប្រាប់កម្មដ្ឋានដល់អ្នកទាំងនោះ ។ បទថា ឧឡារំ បុព្វេនាបរំ វិសេសំ សេចក្តីថា រមែងដឹងគុណវិសេសដែលក្រៃលែងដទៃអំពីគុណវិសេស ខាងដើម ។ កាលកំណត់មហាភូតរូបក្នុងបទនោះ ជាគុណវិសេស ខាងដើម ធ្វើការកំណត់ឧបាទាយរូប ឈ្មោះថា គុណវិសេសខាងចុង ការកំណត់ សកលរូប ជាគុណវិសេសខាងដើមក៏យ៉ាងនោះ កំណត់អរូប ឈ្មោះ ថា គុណវិសេសខាងចុង ការកំណត់រូប និងអរូប ជាគុណវិសេសខាងដើម ការកំណត់បច្ច័យ ឈ្មោះថា គុណវិសេសខាងចុង ។ ការឃើញនាមរូប ព្រមទាំងបច្ច័យ ជាគុណវិសេសខាងដើម ។ ការលើកឡើងកាន់ត្រៃលក្ខណ៍ ឈ្មោះថា គុណវិសេសខាងចុង អធិប្បាយថា រមែងដឹងគុណវិសេសដ៏ ក្រៃលែងខាងចុង អំពីគុណវិសេសខាងដើមយ៉ាងនេះ ។