បទេសសូត្រ ទី ៦ - បទេសភាវនា
ក្បាលទី 24 · ទំព័រ 163
លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោល ទៅនឹងព្រះអនុរុទ្ធដ៏មានអាយុដូច្នេះថា ម្នាលអាវុសោអនុរុទ្ធ គេតែងពោលថា សេក្ខៈ សេក្ខៈ ដូច្នេះ ម្នាលអាវុសោ ចុះសេក្ខៈ តើដូចម្តេច ។ ព្រះអនុរុទ្ធឆ្លើយថា ម្នាលអាវុសោ បុគ្គលដែលឈ្មោះថាសេក្ខៈ ព្រោះបានចម្រើននូវចំណែកនៃសតិប្បដ្ឋាន ៤ ។ សតិប្បដ្ឋាន ៤ តើដូចម្តេច ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មាន សេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មាន ស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ម្នាលអាវុសោ បុគ្គលដែលឈ្មោះថាសេក្ខៈ ព្រោះបានចម្រើននូវចំណែកនៃសតិប្បដ្ឋាន ៤ នេះឯង ។