អដ្ឋកថា អាសវសូត្រ ទី ១០ - អាសវៈ៣

ក្បាលទី 24 · ទំព័រ 198

ម្នាលភិក្ខុទាំងឡាយ អាសវៈនេះមាន ៣ ប្រការ ។ អាសវៈ ៣ ប្រការដូចម្តេចខ្លះ ។ គឺកាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១ ។ ម្នាល ភិក្ខុទាំងឡាយ អាសវៈមាន ៣ ប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ភិក្ខុគប្បីចម្រើនដើម្បី លះបង់អាសវៈទាំង ៣ នេះឯង ។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតី មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញបាន ។ ពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី មាន ព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវ អភិជ្ឈា និងទោមនស្សក្នុងលោកចេញបាន ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ភិក្ខុគប្បីចម្រើនដើម្បីលះបង់នូវអាសវៈទាំង ៣ នេះឯង ។ ឧទ្ទានក្នុងអមតវគ្គនោះ គឺ ពោលអំពីអមតនិព្វាន ១ អំពីសេចក្តីកើតឡើងនៃ សតិប្បដ្ឋាន ១ អំពីផ្លូវប្រព្រឹត្តទៅដើម្បីបរិសុទ្ធ ១ អំពី ភិក្ខុមានស្មារតី ១ អំពីកុសលរាសី ១ អំពីការសង្រួម ក្នុងបាតិមោក្ខសំវរៈ ១ អំពីការលះបង់ទុច្ចរិត ១ អំពី ពួកជនមានមិត្តអមាត្យជាដើម ១ អំពីវេទនា ៣ ប្រការ ១ អំពីអាសវៈ ៣ ប្រការ ១ ។