សតិប្បដ្ឋានសំយុត្ត គង្គាទិបេយ្យាល
ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គាហូរទៅក្នុងទិសខាងកើត ទេរទៅក្នុងទិសខាងកើត ឈមទៅក្នុងទិសខាងកើត យ៉ាងណា ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុកាលចម្រើនសតិប្បដ្ឋាន ៤ កាលធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ រមែងឱនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចម្រើនសតិប្បដ្ឋាន ៤ កាលធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ រមែងជាអ្នកឱនទៅរកព្រះនិព្វាន សរសៀរ ទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ពិចារណាឃើញនូវកាយ ក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោកចេញបាន ។ ពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាមជា គ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោកចេញបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចម្រើនសតិប្បដ្ឋាន ៤ កាលធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ រមែងជាអ្នកឱនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន បេ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើមាន ៥ ប្រការ ។ សញ្ញោជនៈ ៥ គឺអ្វីខ្លះ ។ គឺរូបរាគៈ ( តម្រេកក្នុងរូប ) ១ អរូបរាគៈ ( តម្រេកក្នុងអរូប ) ១ មានះ ( សេចក្តីប្រកាន់ខ្លួន ) ១ ឧទ្ធច្ចៈ ( សេចក្តីរាយមាយ ) ១ អវិជ្ជា ( សេចក្តីល្ងង់ខ្លៅ ) ១ ។