អដ្ឋកថា តតិយសំខិត្តសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 226

ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្តព្រោះពេញលេញ បរិបូណ៌ដោយឥន្ទ្រិយ ៥ នេះឯង បានជាអនាគាមីព្រោះមានឥន្ទ្រិយ ៥ ទន់ ជាងឥន្ទ្រិយរបស់អរហន្តនោះ បានជាសកទាគាមីព្រោះមានឥន្ទ្រិយ ៥ ទន់ ជាងឥន្ទ្រិយរបស់អនាគាមីនោះ បានជាសោតបន្នព្រោះមានឥន្ទ្រិយ ៥ ទន់ ជាងឥន្ទ្រិយរបស់សកទាគាមីនោះ បានជាធម្មានុសារីព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់សោតាបន្ននោះ បានជាសទ្ធានុសារីព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់ធម្មានុសារីនោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើ មគ្គឲ្យពេញបរិបូណ៌រមែងសម្រេចនូវផលដ៏បរិបូណ៌ ជាអ្នកធ្វើនូវចំណែកនៃ មគ្គ រមែងសម្រេចនូវចំណែកនៃផលដែរ ដោយប្រការដូច្នេះឯង ។ ម្នាល ភិក្ខុទាំងឡាយ តថាគតពោលនូវឥន្ទ្រិយ ៥ ថា មិនមែនជាឥតផលទេ ។ ក្នុងតតិយសង្ខិត្តសូត្រទី ៤ បទថា បរិបូរំ បរិបូរការី អារាធេតិ គឺធ្វើអរហត្តមគ្គឲ្យបរិបូណ៌ រមែងសម្រេចអរហត្តផល ។ បទថា បទេសំ បទេសការី គឺបុគ្គលធ្វើមគ្គចំណែកខ្លះដ៏សេស ៣ ទៀត ក៏រមែង សម្រេចផល ៣ ចំណែកខ្លះបុណ្ណោះ ។ ក្នុង ៤ សូត្រនេះ ព្រះមានព្រះភាគទ្រង់សម្តែងឥន្ទ្រិយលាយឡំគ្នា ដោយប្រការដូច្នេះ ។