អដ្ឋកថា សុទ្ធកសូត្រ ទី ៥
អដ្ឋកថា សុទ្ធកសូត្រជាដើម ក្នុងសុទ្ធកសូត្រទី ៥ ជាដើម ចក្ខុ និងធម៌ ឈ្មោះថា ឥន្ទ្រិយ ព្រោះ អត្ថថា ធំ គឺជាអធិបតីរបស់ធម៌ទាំងឡាយ ដែលកើតក្នុងចក្ខុទ្វារនោះ ឈ្មោះ ថា ក្នុងចក្ខុន្ទ្រិយ ។ សោត្រិន្ទិយជាដើម ក៏មានន័យដូចគ្នានេះឯង ។ ពាក្យ ដ៏សេសក្នុងទីគ្រប់អន្លើ ងាយយល់ទាំងអស់ហើយ ។ ទាំង ៦ សូត្រ គឺ សូត្រទី ១ ក្នុងវគ្គនេះ និង ៥ សូត្រ មានសូត្រទី ៦ ជាដើម ព្រះមាន ព្រះភាគទ្រង់សម្តែងដោយអំណាចសច្ចៈ ៤ នោះឯង ។ អដ្ឋកថា សុទ្ធកសូត្រជាដើម ចប់ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ យ៉ាង ។ ឥន្ទ្រិយ ៥ យ៉ាង តើអ្វីខ្លះ ។ គឺសុខ្រិន្ទិយ ១ ទុក្ខ្រិន្ទិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ យ៉ាងនេះឯង ។ ក្នុងសុទ្ធកសូត្រទី ១ នៃសុខ្រិន្ទិយវគ្គទី ៤ គប្បីជ្រាប វិនិច្ឆ័យដូចតទៅនេះ ភាពជាសុខ និងជាឥន្ទ្រិយ ព្រោះអត្ថថា ធំ ពោល គឺជា អធិបតីនៃធម៌ទាំងឡាយដែលកើតរួមគ្នានោះ ព្រោះហេតុនោះ ទើបឈ្មោះ ថា សុខ្រិន្ទិយ ។ ក្នុងទុក្ខិន្ទ្រិយជាដើមក៏មានន័យនេះឯង ក្នុងឥន្ទ្រិយទាំងនេះ សុខ្រិន្ទិយ ទុក្ខ្រិន្ទិយ និងទោមនស្សិន្ទ្រិយ ជាកាមាវចរតែម្យ៉ាង អរូបាវចរ រូបាវចរ វៀរសោមនស្ស្រិន្ទិយដ៏សេសប្រព្រឹត្តទៅក្នុងភូមិ ៣ ។ ឧបេក្ខ្រិន្ទិយ ប្រព្រឹត្តទៅក្នុងភូមិ ៤ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ យ៉ាង ។ ឥន្ទ្រិយ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺសុខ្រិន្ទិយ ១ ទុក្ខ្រិន្ទិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១ ។