អរហន្តសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 167

បុរសនោះទទួលស្តាប់ពាក្យសិរីវឌ្ឍគហបតីថា បាទលោក ហើយក៏ចូលទៅរក ព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអានន្ទ ដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ ។ លុះបុរសនោះអង្គុយក្នុងទីសមគួរ ហើយ ទើបទូលព្រះអានន្ទដ៏មានអាយុដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន សិរីវឌ្ឍគហបតី មានអាពាធដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ គាត់សូមក្រាបថ្វាយបង្គំ ព្រះបាទានៃព្រះអានន្ទដ៏មានអាយុដោយសិរសា ហើយនិយាយយ៉ាងនេះ ថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមមេត្តាប្រោស សូមព្រះអានន្ទដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ ចូលទៅកាន់លំនៅនៃសិរីវឌ្ឍគហបតី ។