បិណ្ឌោលភារទ្វាជសូត្រ ទី ៩
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី ។ សម័យនោះឯង ព្រះ បិណ្ឌោលភារទ្វាជៈដ៏មានអាយុ ប្រកាសនូវអរហត្តផល ថាអាត្មាអញដឹង ច្បាស់ ថាជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ គ្រានោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះអង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ប្រកាសនូវអរហត្តផល ថាអាត្មាអញដឹងច្បាស់ ថាជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេច ហើយ មគ្គភាវនាកិច្ច ដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។