អាបណសូត្រ ទី ១០ - អរិយស្សាវកអ្នកមានសទ្ធា

ក្បាលទី 24 · ទំព័រ 302

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគមឈ្មោះអាបណៈ របស់ពួកអ្នកស្រុកអង្គៈ ក្នុងដែនអង្គៈ ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ បានត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត អរិយសាវ័កឯណាជ្រះថ្លាតាំងនៅមាំមួន ចំពោះព្រះតថាគត អរិយសាវ័កនោះ មិនគប្បីងឿងឆ្ងល់ ឬសង្ស័យចំពោះព្រះតថាគត និង ចំពោះសាសនានៃព្រះតថាគតទេឬ ។ បពិត្រព្រះអង្គដ៏ចម្រើន អរិយសាវ័កឯណា ជ្រះថ្លាតាំងនៅ មាំមួន ចំពោះព្រះតថាគតហើយ អរិយសាវ័កនោះ មិនគប្បីងឿងឆ្ងល់ ឬ សង្ស័យចំពោះព្រះតថាគត និងចំពោះសាសនានៃព្រះតថាគតឡើយ ។ បពិត្រ ព្រះអង្គដ៏ចម្រើន ព្រោះថា អរិយសាវ័កអ្នកមានសទ្ធាគប្បីនឹកសង្ឃឹម នូវ ហេតុនុ៎ះជាប្រាកដ គឺអរិយសាវ័កនោះ នឹងប្រារព្ធនូវសេចក្តីព្យាយាមដើម្បី លះបង់នូវអកុសលធម៌ទាំងឡាយ ដើម្បីបំពេញនូវកុសលធម៌ទាំងឡាយ ជា អ្នកមានកម្លាំងចិត្ត មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈក្នុងកុសលធម៌ ទាំងឡាយ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា វីរិយៈឯណា របស់អរិយសាវ័កនោះ វីរិយៈនោះ ឈ្មោះថា វីរិយ្រិន្ទិយរបស់លោក ។ បពិត្រព្រះអង្គ ដ៏ចម្រើន ដ្បិតអរិយសាវ័កអ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម នឹងនឹក សង្ឃឹមនូវហេតុនុ៎ះជាប្រាកដ គឺជាអ្នកមានស្មារតី ប្រកបដោយប្រាជ្ញាចាស់ក្លា ដ៏ប្រសើរ តែងនឹកបាន ចាំបាននូវអំពើដែលធ្លាប់ធ្វើមកជាយូរហើយផង នូវ ពាក្យសម្តីដែលធ្លាប់និយាយមកជាយូរហើយផង ។