មល្លិកសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 310

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគមឈ្មោះឧរុវេលកប្ប របស់ពួកអ្នកស្រុកមល្លក ក្នុងមល្លកជនបទ ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អរិយញ្ញាណមិនបានកើតឡើងដល់ អរិយសាវ័កត្រឹមណា ឥន្ទ្រិយទាំង ៤ ក៏មិនទាន់ស្ថិតនៅត្រឹមនោះ ឥន្ទ្រិយ ទាំង ៤ មិនបានស្ថិតនៅស៊ប់ត្រឹមនោះ ។ ម្នាលភិក្ខុទាំងឡាយ អរិយញ្ញាណ កើតឡើងដល់អរិយសាវ័កកាលណា ឥន្ទ្រិយទាំង ៤ ក៏ស្ថិតនៅកាលនោះ ឥន្ទ្រិយទាំង ៤ ក៏ស្ថិតនៅស៊ប់កាលនោះ ។ ម្នាលភិក្ខុទាំងឡាយ ផ្ទះមានកំពូល ដែលគេមិនទាន់លើក កំពូលត្រឹមណា បង្កង់ទាំងឡាយក៏មិនទាន់ស្ថិតនៅត្រឹមនោះ បង្កង់ទាំងឡាយ មិនទាន់ស្ថិតនៅស៊ប់ត្រឹមនោះ ។ ម្នាលភិក្ខុទាំងឡាយ លុះតែផ្ទះមានកំពូល ដែលគេលើកកំពូលឡើងកាលណា ទើបបង្កង់ទាំងឡាយ ស្ថិតនៅកាលនោះ បង្កង់ទាំងឡាយស្ថិតនៅស៊ប់កាលនោះឯង ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ អរិយញ្ញាណមិនទាន់កើតឡើងដល់អរិយសាវ័កត្រឹមណា ឥន្ទ្រិយទាំង ៤ ក៏មិនទាន់ស្ថិតនៅត្រឹមនោះ ឥន្ទ្រិយទាំង ៤ មិនទាន់ស្ថិតនៅស៊ប់ត្រឹមនោះ ។ ម្នាលភិក្ខុទាំងឡាយ លុះតែអរិយញ្ញាណ កើតឡើងដល់អរិយសាវ័កកាលណា ទើបឥន្ទ្រិយទាំង ៤ ។ បេ ។ ស្ថិតនៅស៊ប់កាលនោះ ។ ឥន្ទ្រិយទាំង ៤ គឺអ្វីខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ ក៏ដូច្នោះឯង ។ ម្នាលភិក្ខុទាំងឡាយ សទ្ធារបស់អរិយសាវ័ក អ្នកមានប្រាជ្ញា ដ៏សមគួរដល់ប្រាជ្ញានោះ ទើបស្ថិតនៅបាន វីរិយៈដ៏សមគួរដល់សទ្ធានោះ ទើប ស្ថិតនៅបាន សតិដ៏សមគួរដល់វីរិយៈនោះ ទើបស្ថិតនៅបាន សមាធិដ៏សមគួរ ដល់សតិនោះ ទើបស្ថិតនៅបាន ។ ៨