អបារសូត្រ ទី ១ - ឥទ្ធិបាទ៤

ក្បាលទី 24 · ទំព័រ 350

ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យរឿយៗ ហើយ រមែងប្រព្រឹត្តទៅដើម្បីចេញចាកវដ្តៈ ហើយបាន ដល់ព្រះនិព្វាន ។ ឥទ្ធិបាទ ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ចម្រើនឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ។ ចម្រើនឥទ្ធិបាទប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ១ ។ ចម្រើនឥទ្ធិបាទប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ១ ។ ចម្រើនឥទ្ធិបាទប្រកបដោយ វិមំសាសមាធិ និងបធានសង្ខារ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្ត ទៅ ដើម្បីចេញចាកវដ្តៈ ហើយបានដល់ព្រះនិព្វាន ។