អដ្ឋកថា អបារសូត្រ ទី ១ - ឥទ្ធិបាទ៤

ក្បាលទី 24 · ទំព័រ 351

គប្បីជ្រាបក្នុងអបារសូត្រទី ១ នៃឥទ្ធិបាទសំយុត្តដូចតទៅ នេះថា សមាធិដែលអាស្រ័យឆន្ទៈប្រព្រឹត្តទៅ ឈ្មោះថា ឆន្ទសមាធិ ។ ពួកស ង្ខារដែលជាប្រធាន ឈ្មោះថា បធានសង្ខារ ។ បទថា សមន្នាគតំ គឺចូលដល់ដោយធម៌ទាំងនោះ ។ ឈ្មោះថា ឥទ្ធិបទ ព្រោះជាជើងរបស់ឫទ្ធិ ឬបាទដែលជាឫទ្ធិ ។ ក្នុងពួកពាក្យដ៏សេស ក៏មានទំនងនេះឯង នេះជាសេចក្តី សង្ខេបក្នុងឥទ្ធិបាទសំយុត្តនេះ ។ ឯសេចក្តីពិស្តារ មកស្រេចហើយក្នុងឥទ្ធិបាទវិភង្គ ឯអត្ថរបស់ឥទ្ធិបាទសំយុត្តនេះ លោកក៏បានសម្តែងហើយ ក្នុង វិសុទ្ធិមគ្គ ។ ក្នុងមគ្គសំយុត្ត ពោជ្ឈង្គសំយុត្ត សតិប្បដ្ឋានសំយុត្ត និង ឥទ្ធិបាទសំយុត្តនេះ ក៏យ៉ាងនោះ គឺជាបរិច្ឆេទតែមួយដូចគ្នាពិត ។