វិរទ្ធសូត្រ ទី ២
ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ពួក បុគ្គលណាមួយលះបង់ ហើយ អរិយមគ្គដែលប្រព្រឹត្តទៅដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថាបុគ្គល ទាំងនោះលះបង់ដែរ ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ពួក បុគ្គលណាមួយ បានប្រារព្ធហើយ អរិយមគ្គដែលប្រព្រឹត្តទៅដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះ ថា បុគ្គលទាំងនោះប្រារព្ធដែរ ។ ឥទ្ធិបាទ ៤ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និង បធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើនឥទ្ធិបាទ ប្រកបដោយវិមំសាសមាធិ និងបធានសង្ខារ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ពួកបុគ្គលណាមួយលះបង់ហើយ អរិយមគ្គដែលប្រព្រឹត្ត ទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះលះបង់ដែរ ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ពួកបុគ្គលណាមួយប្រារព្ធហើយ អរិយមគ្គដែលប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គល ទាំងនោះប្រារព្ធដែរ ។