អរិយសូត្រ ទី ៣
ក្បាលទី 24 · ទំព័រ 352
ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យរឿយៗ ហើយ ជានិយ្យានិកធម៌ដ៏ប្រសើរ រមែងប្រព្រឹត្តទៅដើម្បី អស់ទុក្ខដោយប្រពៃដល់អ្នកចម្រើនឥទ្ធិបាទនោះ ។ ឥទ្ធិបាទ ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសាននេះ ចម្រើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើន ឥទ្ធិបាទប្រកបដោយវិមំសាសមាធិ និងបធានសង្ខារ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យរឿយៗហើយ ជា និយ្យានិកធម៌ដ៏ប្រសើរ រមែងប្រព្រឹត្តទៅដើម្បីអស់ទុក្ខដោយប្រពៃ ដល់ បុគ្គលអ្នកចម្រើនឥទ្ធិបាទនោះ ។