ឥទ្ធិបទេសសូត្រ ទី ៥
ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុង កាលដែលកន្លងទៅហើយ បានញ៉ាំងឥទ្ធិប្បទេស គឺឫទ្ធិជាចំណែកដោយអន្លើ ឲ្យសម្រេចហើយ សមណព្រាហ្មណ៍ទាំងអស់នោះ ក៏បានសម្រេច ព្រោះ ចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលដែលមិនទាន់មកដល់ នឹងញ៉ាំងឥទ្ធិប្បទេសឲ្យ សម្រេចបាន សមណព្រាហ្មណ៍ទាំងអស់នោះ នឹងបានសម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬ ព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ កំពុងញ៉ាំងឥទ្ធិប្បទេសឲ្យសម្រេច សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះបានសម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ ។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្តសមាធិ ១ ។ ចម្រើនឥទ្ធិបាទប្រកបដោយ វិមំសាសមាធិ និងបធានសង្ខារ ១ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុង អតីតកាល បានញ៉ាំងឥទ្ធិប្បទេសឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់ នោះបានសម្រេចហើយ ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ នេះ ឯង ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងញ៉ាំងឥទ្ធិប្បទេសឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ នឹង សម្រេច ព្រោះចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ នេះឯង ។ ម្នាល ភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ កំពុង ញ៉ាំងឥទ្ធិប្បទេសឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះក៏សម្រេច ព្រោះ ចម្រើន ព្រោះធ្វើឲ្យរឿយៗ នូវឥទ្ធិបាទ ៤ នេះឯង ។