ឆន្ទសមាធិសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 387

ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ដែលភិក្ខុចម្រើនយ៉ាងនេះ ហើយ ធ្វើឲ្យរឿយៗ យ៉ាងនេះហើយ ភិក្ខុ ( នោះ ) បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងអត្តភាពដ៏ជាក់ស្តែង ។ ក្នុងមហប្ផលសូត្រទី ២ ក៏មានន័យដូចគ្នានឹងសូត្រទី ១ នោះឯង ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអាស្រ័យឆន្ទៈហើយ បាននូវ សមាធិ បាននូវភាពនៃចិត្តមានអារម្មណ៍តែមួយ ។ នេះហៅថា ឆន្ទសមាធិ ។ ភិក្ខុនោះញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំង ព្យាយាមមាំ ដើម្បីញ៉ាំងធម៌ទាំងឡាយជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ។ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីលះបង់នូវធម៌ទាំងឡាយ ជាអកុសលដ៏ លាមកដែលកើតឡើងហើយ ។ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញ៉ាំងធម៌ទាំងឡាយជាកុសល ដែលមិន ទាន់កើតឡើង ឲ្យកើតឡើងបាន ។ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញ៉ាំងធម៌ទាំងឡាយជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែកើតធំទូលាយ ចម្រើនបរិបូណ៌ ។ នេះហៅថាបធានសង្ខារ ។ នេះហៅថាឆន្ទៈផង នេះហៅ ថាឆន្ទសមាធិផង នេះហៅថាបធានសង្ខារផង ដោយប្រការដូច្នេះ ។ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា ឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ។