អដ្ឋកថា ឆន្ទសមាធិសូត្រ ទី ៣
ក្នុងឆន្ទសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ការពេញចិត្ត គឺភាពជាអ្នកប្រាថ្នានឹងធ្វើ ឈ្មោះថា ឆន្ទៈ ។ បទថា និស្សាយ បានដល់ ធ្វើឲ្យជាទីអាស្រ័យ ដោយអត្ថថា ធ្វើឲ្យធំក្រៃលែង ។ គ្រឿងតាក់តែង ដែលជាសេចក្តីព្យាយាម ឈ្មោះថា បធានសង្ខារ ពាក្យនេះ ជាឈ្មោះ នៃសេចក្តីព្យាយាម ដែលឈ្មោះថា សេចក្តីព្យាយាមប្រពៃ ដែលធ្វើកិច្ច ៤ យ៉ាងឲ្យសម្រេច ។ ការពេញចិត្តក្នុងបទជាដើមថា ឥតិ អយំ ច ឆន្ទោ ជា ឆន្ទសមាធិ ប្រកបដោយឆន្ទៈ និងបធានសង្ខារ សូម្បីបធានសង្ខារ ក៏ប្រកបដោយ ឆន្ទៈ និងសមាធិ ព្រោះដូច្នោះ ទើបទ្រង់សង្គ្រោះធម៌ទាំងអស់ចូលជាមួយ គ្នា ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះហៅថាឥទ្ធិបាទ ដែល ប្រកបឆន្ទសមាធិ និងបធានសង្ខារ ។ ចំណែកក្នុងឥទ្ធិបាទវិភង្គ ត្រាស់ដល់ ធម៌ដែលដឹងមិនមានរូបដ៏សេស ដែលប្រកបដោយធម៌ទាំងនេះ ដោយន័យ ជាដើមថា វេទនាខន្ធរបស់បុគ្គលបែបនោះឯណា ថាជាឥទ្ធិបាទ ។ ម្យ៉ាងទៀត ធម៌ទាំង ៣ យ៉ាង ឫទ្ធិក្តី ឥទ្ធិបាទក្តី ដូចម្តេច ។ ពិតហើយ កាលចម្រើនឆន្ទៈ ឆន្ទៈក៏រមែងឈ្មោះថា ជាឫទ្ធិ ។ សមាធិ និងបធានសង្ខារ ឈ្មោះថា ជាផ្លូវឲ្យដល់ឫទ្ធិ កាលចម្រើនសមាធិ សមាធិរមែងឈ្មោះថា ជា បឫទ្ធិ ឆន្ទៈ និងបធានសង្ខារ ក៏រមែងក្លាយជាផ្លូវឲ្យដល់ឫទ្ធិនៃសមាធិ កាល ចម្រើនបធានសង្ខារ បធានសង្ខារក៏ក្លាយជាឫទ្ធិ ។ ឆន្ទៈ និងសមាធិ ក៏ក្លាយ ជាផ្លូវឲ្យដល់ឫទ្ធិនៃបធានសង្ខារ ព្រោះកាលធម៌ដែលប្រកបព្រមគ្នាសម្រេច ក្នុងធម៌ណាមួយ សូម្បីធម៌ដ៏សេស ក៏រមែងសម្រេចដូចគ្នា ។