អដ្ឋកថា ឧណ្ណាភព្រាហ្មណសូត្រ ទី ៥ - ព្រះអានន្ទក្នុងឃោសិតារាម

ក្បាលទី 24 · ទំព័រ 398

បពិត្រព្រះអានន្ទដ៏ចម្រើន ចុះមានផ្លូវ មានបដិបទា ដើម្បី លះបង់នូវឆន្ទៈនុ៎ះដែរឬ ។ ម្នាលព្រាហ្មណ៍ មានផ្លូវ មានបដិបទាដើម្បី លះបង់នូវឆន្ទៈនុ៎ះដែរ ។ បពិត្រព្រះអានន្ទដ៏ចម្រើន ចុះផ្លូវដូចម្តេច បដិបទាដូចម្តេច ដើម្បីលះបង់នូវឆន្ទៈនុ៎ះ ។ ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ចម្រើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ។ វីរិយសមាធិ ។ ចិត្តសមាធិ ។ ចម្រើនឥទ្ធិបាទប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ។ ម្នាលព្រាហ្មណ៍ នេះឯងជាផ្លូវ នេះជាបដិបទាដើម្បីលះបង់ឆន្ទៈនុ៎ះ ។ បពិត្រព្រះអានន្ទដ៏ចម្រើន កាលបើយ៉ាងនេះ វត្ថុដែលមាន នៅតែមាន វត្ថុដែលគ្មាននៅតែគ្មាន ឯពាក្យដែលថា បុគ្គលនឹងលះបង់នូវឆន្ទៈ ដោយឆន្ទៈនុ៎ះ មិនសមហេតុទេ ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អាត្មានឹងសួរ អ្នកក្នុងដំណើរនុ៎ះវិញ គួរដល់អ្នកយ៉ាងណា អ្នកត្រូវព្យាករប្រស្នានោះ យ៉ាង នោះចុះ ។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវដំណើរនោះដូចម្តេច អ្នកមាន ឆន្ទៈក្នុងកាលមុនថា អញនឹងទៅកាន់អារាម ។ កាលអ្នកនោះទៅដល់អារាម ហើយ ឆន្ទៈដែលកើតមុននោះ ក៏ស្ងប់រម្ងាប់ឬទេ ។ បពិត្រព្រះអានន្ទដ៏ចម្រើន យ៉ាងហ្នឹងហើយ ។ សេចក្តីព្យាយាមរបស់អ្នកក្នុងកាលមុនថា អញនឹងទៅកាន់ អារាម ។ កាលអ្នកនោះទៅដល់អារាមហើយ ព្យាយាមដែលកើតមុននោះ ស្ងប់រម្ងាប់ឬទេ ។ បពិត្រព្រះអានន្ទដ៏ចម្រើន យ៉ាងហ្នឹងហើយ ។ អ្នកបាន មានចិត្តក្នុងកាលមុនថា អញនឹងទៅកាន់អារាម ។ កាលបើអ្នកនោះទៅដល់ អារាមហើយ ចិត្តដែលកើតមុននោះស្ងប់រម្ងាប់ឬទេ ។ បពិត្រព្រះអានន្ទដ៏ ចម្រើន យ៉ាងហ្នឹងហើយ ។