ទុតិយសមណព្រាហ្មណសូត្រ ទី ៧
ក្បាលទី 24 · ទំព័រ 402
ម្នាលភិក្ខុទាំងឡាយ ក្នុងអតីតកាល មានពួកសមណៈ ឬ ព្រាហ្មណ៍បានសម្រេចនូវឥទ្ធិវិធៈ ( ការសម្តែងឫទ្ធិ ) ច្រើនប្រការ គឺធ្វើមនុស្ស ម្នាក់ឲ្យទៅជាមនុស្សច្រើននាក់ក៏បាន ធ្វើមនុស្សច្រើននាក់ ឲ្យទៅជាមនុស្ស ម្នាក់ក៏បាន នៅក្នុងទីកំបាំងដើរទៅកាន់ទីវាល នៅខាងក្នុងដើរចេញទៅខាងក្រៅ នៅខាងក្នុងជញ្ជាំង ដើរចេញទៅខាងក្រៅជញ្ជាំង នៅខាងក្នុងកំពែងដើរចេញ ទៅខាងក្រៅកំពែង នៅខាងក្នុងភ្នំ ដើរចេញទៅខាងក្រៅភ្នំ ( ដោយឥតទ្វារ ឥតផ្លូវ ) ឥតទើសទាល់ ដូចដើរលើអាកាសក៏បាន ងើបឡើងមុជចុះក្នុងផែនដី ដូចជាងើបឡើងមុជចុះក្នុងទឹកក៏បាន ដើរលើទឹកមិនបែកធ្លាយទឹក ហាក់ដូចជា ដើរលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន យក ដៃស្ទាបអង្អែល ( មណ្ឌល ) ព្រះចន្រ្ទ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិ ច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយដរាបដល់ព្រហ្មលោកក៏បាន ។