អដ្ឋកថា វិភង្គសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 415

ក្នុងវិភង្គសូត្រទី ១០ បទថា កោសជ្ជសហគតោ នេះ ភិក្ខុ កាលបណ្តុះនូវការពេញចិត្តឲ្យកើតឡើង ហើយអង្គុយដាក់ចិត្តក្នុងកម្មដ្ឋាន ។ គ្រានោះ លោកមានការរារែកក្នុងចិត្ត លោកដឹងថា អាការរារែកក្នុងចិត្ត របស់អញ ក៏យកភ័យក្នុងអបាយមកសង្កត់ចិត្ត ធ្វើឲ្យកើតការពេញចិត្តឡើង មក ហើយតាំងចិត្តធ្វើកម្មដ្ឋាន ។ ពេលនោះ លោកកើតមានអាការរួញរា ក្នុងចិត្តទៀត លោកក៏លើកយកភ័យក្នុងអបាយមកសង្កត់ចិត្តទៀត បណ្តុះនូវ ការពេញចិត្តឲ្យកើតឡើង ហើយបែរមុខឆ្ពោះកម្មដ្ឋាន ដូចពោលមកនេះ ការ ពេញចិត្តរបស់លោក ឈ្មោះថា រមែងប្រកបដោយសេចក្តីខ្ជិលច្រអូស ព្រោះភាព ដែលលោកត្រូវសេចក្តីខ្ជិលច្រអូសគ្របសង្កត់ ដោយប្រការដូច្នេះ ។ បទថា កោសជ្ជសម្បយុត្តោ ជាពាក្យប្រើជំនួសពាក្យថា កោសជ្ជសហគតោ នោះឯង ។ ក្នុងបទថា ឧទ្ធច្ចសហគតោ នេះ ភិក្ខុកាលធ្វើសេចក្តីពេញចិត្ត ឲ្យកើតឡើងហើយ ក៏អង្គុយតាំងចិត្តធ្វើកម្មដ្ឋាន ។ ពេលនោះ ចិត្តរបស់ លោកធ្លាក់ទៅក្នុងការរាយមាយ លោកក៏រំពឹងដល់ពុទ្ធគុណ ធម្មគុណ និង សង្ឃគុណ ធ្វើឲ្យក្លៀវក្លា ឲ្យត្រេកអរ ធ្វើឲ្យគួរដល់ការងារ ហើយញ៉ាំងនូវ ការពេញចិត្តឲ្យកើតឡើងជាថ្មីទៀត ហើយក៏ពិចារណាកម្មដ្ឋាន ពេលនោះ ចិត្តរបស់លោកក៏ធ្លាក់ទៅក្នុងភាពរាយមាយទៀត លោកក៏រំលឹកដល់ពុទ្ធគុណ ធម្មគុណ និងសង្ឃគុណទៀត ធ្វើឲ្យក្លៀវក្លា ឲ្យត្រេកអរ បណ្តុះនូវឆន្ទៈឲ្យ កើតឡើងជាថ្មី ហើយក៏ពិចារណាកម្មដ្ឋាន ព្រោះហេតុនោះ ការពេញចិត្ត របស់លោក ក៏ឈ្មោះថា ប្រកបដោយការរាយមាយ ព្រោះត្រូវការ រាយមាយគ្របសង្កត់ ដោយប្រការដូច្នេះ ។