បឋមរហោគតសូត្រ ទី ១ - ព្រះអនុរុទ្ធក្នុងវត្តជេតពន

ក្បាលទី 24 · ទំព័រ 442

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះអនុរុទ្ធដ៏មាន អាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រះអនុរុទ្ធដ៏មានអាយុ សម្ងំនៅក្នុងទីស្ងាត់ កើតបរិវិតក្កក្នុងចិត្ត យ៉ាងនេះថា ភិក្ខុទាំងឡាយឯណានីមួយ បោះបង់សតិប្បដ្ឋានទាំង ៤ ភិក្ខុទាំងនោះ ឈ្មោះថា បោះបង់មគ្គដ៏ប្រសើរ ជាដំណើរទៅកាន់ទីអស់ទុក្ខដោយប្រពៃ ភិក្ខុទាំងឡាយឯណានីមួយ ធ្វើនូវសតិប្បដ្ឋានទាំង ៤ ឲ្យបរិបូណ៌ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើនូវអរិយមគ្គ ជាដំណើរទៅកាន់ទីអស់ទុក្ខដោយប្រពៃ ឲ្យ បរិបូណ៌ ។ គ្រានោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ ដឹងនូវបរិវិតក្កៈ ក្នុងចិត្ត របស់ព្រះអនុរុទ្ធដ៏មានអាយុ ដោយចិត្តហើយ ក៏មកប្រាកដក្នុងទី ចំពោះមុខ ព្រះអនុរុទ្ធដ៏មានអាយុភ្លាម ដូចជាបុរសមានកម្លាំង លាដៃដែល បត់ចូល ឬបត់ដៃដែលលាចេញ ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មាន អាយុ សួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោអនុរុទ្ធ ចុះភិក្ខុធ្វើ សតិប្បដ្ឋានទាំង ៤ ឲ្យបរិបូណ៌ដូចម្តេចទៅ ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញធម៌ ដែលកើតឡើងក្នុងកាយខាងក្នុង ។ បេ ។ ពិចារណាឃើញធម៌ដែលសូន្យទៅក្នុង កាយខាងក្នុង ។ ពិចារណាឃើញទាំងធម៌ដែលកើតឡើង និងសូន្យទៅក្នុង កាយខាងក្នុង មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ពិចារណា ឃើញធម៌ដែលកើតឡើងក្នុងកាយខាងក្រៅ ។ បេ ។ ពិចារណាឃើញធម៌ដែល សូន្យទៅក្នុងកាយខាងក្រៅ ។ ពិចារណាឃើញទាំងធម៌ដែលកើតឡើង និង សូន្យទៅក្នុងកាយខាងក្រៅ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មាន សេចក្តីដឹងខ្លួន មានស្ម