សលឡាគារសូត្រ ទី ៨

ក្បាលទី 24 · ទំព័រ 455

សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ នៅក្នុងផ្ទះធ្វើដោយឈើ ស្រល់ ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះអនុរុទ្ធដ៏មានអាយុ ហៅភិក្ខុ ទាំងឡាយមក ។ បេ ។ ពោលដូច្នេះថា ម្នាលអាវុសោ ទន្លេគង្គាមានទំនាបទៅ ខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត តែពួកមហាជនកាន់ យកចប និងកញ្ជើមកដោយគិតថា យើងទាំងឡាយនឹងធ្វើទន្លេគង្គានេះ ឲ្យមាន ទំនាបទៅខាងលិច ឲ្យមានជម្រាលទៅខាងលិច ឲ្យឈមទៅខាងលិចវិញ ។ ម្នាលអាវុសោ អ្នកទាំងឡាយយល់សេចក្តីនោះដូចម្តេច ចុះពួកមហាជននោះ គប្បីធ្វើទន្លេគង្គាឲ្យមានទំនាបទៅខាងលិច ឲ្យមានជម្រាលទៅខាងលិច ឲ្យ ឈមទៅខាងលិចបានដែរឬ ។