អដ្ឋកថា កប្បសហស្សសូត្រ ទី ១ - ភិក្ខុចូលទៅរកព្រះអនុរុទ្ធ

ក្បាលទី 24 · ទំព័រ 460

សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ នៅក្នុងអន្ធវ័ន ជិតក្រុង សាវត្ថី មានអាពាធដល់នូវសេចក្តីទុក្ខ មានជំងឺធ្ងន់ ។ គ្រានោះឯង ភិក្ខុ ច្រើនរូបចូលទៅរកព្រះអនុរុទ្ធដ៏មានអាយុ លុះចូលទៅដល់ បានសួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ព្រះអនុរុទ្ធដ៏មានអាយុ នៅដោយវិហារធម៌ដូចម្តេច បានជាទុក្ខវេទនាមានក្នុងសរីរៈ កើតឡើងហើយ គ្របសង្កត់ចិត្តមិនបាន ។ ម្នាលអាវុសោ ខ្ញុំមានចិត្តតម្កល់ស៊ប់ក្នុងសតិប្បដ្ឋាន ៤ បានជា ទុក្ខវេទនាមានក្នុងសរីរៈ កើតឡើងហើយ គ្របសង្កត់ចិត្តមិនបាន ។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ ។ ម្នាលអាវុសោ ក្នុងសាសនានេះ ខ្ញុំពិចារណា ឃើញកាយក្នុងកាយ ១ ។ ក្នុងវេទនាទាំងឡាយ ១ ។ ក្នុងចិត្ត ១ ។ ពិចារណាឃើញធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកម្តៅកិលេសមាន សេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១ ។ ម្នាលអាវុសោ ខ្ញុំមានចិត្តតម្កល់ស៊ប់ ក្នុងសតិប្បដ្ឋាន ៤ នេះឯង បានជា ទុក្ខវេទនាមានក្នុងសរីរៈ កើតឡើងហើយ គ្របសង្កត់ចិត្តមិនបាន ។ រហោគតវគ្គទី ១ ចប់ ៥ ឧទ្ទាននៃរហោគតវគ្គនោះ គឺ និយាយអំពីព្រះអនុរុទ្ធ នៅក្នុងទីស្ងាត់ត្រិះរិះសតិប្បដ្ឋាន ២ លើក អំពីព្រះអនុរុទ្ធនៅក្បែរឆ្នេរស្ទឹងសុតនុ ១ អំពីព្រះ អនុរុទ្ធជាដើមនៅក្នុងកណ្តកីវ័ន ៣ លើក អំពីការចម្រើន សតិប្បដ្ឋាន ប្រព្រឹត្តទៅដើម្បីអស់តណ្ហា ១ អំពីព្រះអនុរុទ្ធ នៅក្នុងផ្ទះ ធ្វើដោយឈើស្រល់ ១ អំពីព្រះអនុរុទ្ធ និងព្រះសារី បុត្រ នៅក្នុងអម្ពបាលិវ័ន ១ អំពីព្រះអនុរុទ្ធមាន អាពាធ ១ ។