ទិព្វសោតសូត្រ ទី ៣
ម្នាលអាវុសោ មួយទៀត ខ្ញុំឮសំឡេងទាំងពីរយ៉ាងបាន គឺ សំឡេងទិព្វ និងសំឡេងជារបស់មនុស្ស ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដោយសោតធាតុដូចជាទិព្វ ដ៏បរិសុទ្ធកន្លងសោតធាតុ ជារបស់មនុស្សធម្មតា ក៏ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ នេះដែរ ។ ម្នាលអាវុសោ មួយទៀត ខ្ញុំកំណត់ដឹងនូវចិត្តរបស់សត្វ ដទៃ បុគ្គលដទៃ ដោយចិត្ត ( របស់ខ្លួន ) ទោះចិត្តប្រកបដោយរាគៈ ក៏ដឹង ច្បាស់ថា ចិត្តប្រកបដោយរាគៈ ។ បេ ។ ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ព្រោះតែ ចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ នេះដែរ ។ ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិតនូវហេតុដ៏ គួរ តាមហេតុដ៏គួរផង នូវហេតុដ៏មិនគួរ តាមហេតុដ៏មិនគួរផង ក៏ព្រោះតែ ចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ នេះដែរ ។ ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិត នូវវិបាក របស់បុគ្គលអ្នកសមាទាននូវកម្ម ដែលជាអតីត អនាគត បច្ចុប្បន្នតាមឋានៈ តាមហេតុ ក៏ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ នេះដែរ ។ ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់នូវបដិបទាជាដំណើរ ប្រព្រឹត្តទៅដើម្បីប្រយោជន៍គ្រប់យ៉ាង ក៏ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវ សតិប្បដ្ឋាន ៤ នេះដែរ ។