នានាធាតុសូត្រ ទី ៨

ក្បាលទី 24 · ទំព័រ 464

ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិត នូវលោក ដែលមានធាតុច្រើនប្រការ មានធាតុផ្សេងៗ ក៏ព្រោះតែចម្រើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ ។ ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិត នូវ អធ្យាស្រ័យផ្សេងៗ របស់សត្វទាំងឡាយ ក៏ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវ សតិប្បដ្ឋាន ៤ នេះដែរ ។ ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិត នូវសេចក្តី ទន់ និងចាស់ក្លានៃឥន្ទ្រិយរបស់ពួកសត្វដទៃ ពួកបុគ្គលដទៃបាន ក៏ព្រោះតែ ចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ នេះដែរ ។ ម្នាលអាវុសោ មួយទៀត ខ្ញុំដឹងច្បាស់តាមពិត នូវទោស អានិសង្ស និងការចេញចាកឈាន វិមោក្ខ សមាធិ សមាបត្តិទាំងឡាយ ក៏ ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ នេះដែរ ។ ម្នាលអាវុសោ មួយទៀត ខ្ញុំរពឫកឃើញនូវបុព្វេនិវាស ច្រើនប្រការ ក៏ព្រោះតែចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ នេះដែរ ។ រពឫកឃើញដូចម្តេច ។ គឺ ១ ជាតិ ២ ជាតិ ។ បេ ។ រពឫកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដូច្នេះ ។ ម្នាលអាវុសោ មួយទៀត ខ្ញុំមើលឃើញនូវពួកសត្វកំពុង ច្យុត កំពុងកើត ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្សធម្មតា ។ បេ ។ ខ្ញុំដឹងច្បាស់នូវពួកសត្វ ចូលទៅកើតតាមយថាកម្ម ។ បេ ។ ដោយ ទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្សធម្មតា ដូច្នេះ ក៏ព្រោះតែ ចម្រើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ នេះដែរ ។