អដ្ឋកថា ទុតិយផលសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 478

ម្នាលភិក្ខុទាំងឡាយ កាលបើអានាបានស្សតិ ដែលបុគ្គល ចម្រើនហើយយ៉ាងនេះ ធ្វើឲ្យច្រើនហើយយ៉ាងនេះ រមែងបានសម្រេចផល ៧ ប្រការ និងអានិសង្ស ៧ ប្រការ ។ ផល ៧ ប្រការ អានិសង្ស ៧ ប្រការ តើដូចម្តេច ។ ក្នុងបច្ចុប្បន្ននេះ ភិក្ខុនោះបានសម្រេចអរហត្តផលជាមុន បើក្នុង បច្ចុប្បន្ននេះមិនបានសម្រេចអរហត្តផលជាមុនទេ នឹងបានសម្រេចអរហត្តផល ក្នុងកាលដែលស្លាប់ បើក្នុងបច្ចុប្បន្ននេះ មិនបានសម្រេចអរហត្តផលជាមុន ទាំងមិនបានសម្រេចអរហត្តផល ក្នុងកាលដែលស្លាប់ទេ ។ បុគ្គលនោះ ជា អន្តរាបរិនិព្វាយី ជាឧបហច្ចបរិនិព្វាយី ជាអសង្ខារបរិនិព្វាយី ជាសសង្ខារបរិនិព្វាយី ជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះកិរិយាអស់ទៅ នៃឱរម្ភាគិយសញ្ញោជនៈ ៥ ប្រការដោយពិត ។ ម្នាលភិក្ខុទាំងឡាយ កាលបើអានាបានស្សតិ ដែលបុគ្គលបានចម្រើនយ៉ាងនេះ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ បុគ្គលនោះនឹងបាននូវផល ៧ ប្រការ និងអានិសង្ស ៧ ប្រការនេះឯង ។