អដ្ឋកថា បទីបោបមសូត្រ ទី ៨
ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលចម្រើនហើយយ៉ាងនេះ ធ្វើឲ្យច្រើនហើយយ៉ាងនេះ រមែងមានផល ច្រើន មានអានិសង្សច្រើន ។ ម្នាលភិក្ខុទាំងឡាយ ក៏កាលមុនដែលតថាគត នៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនូវសម្ពោធិញ្ញាណនៅឡើយ តែងសម្រេចសម្រាន្ត នៅដោយច្រើន ដោយវិហារធម៌នេះ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ កំពុងសម្រេចសម្រាន្តនៅដោយច្រើន ដោយវិហារធម៌នេះ កាយមិនលំបាក ចក្ខុទាំងឡាយក៏មិនលំបាក ទាំងចិត្តរបស់តថាគតក៏រួចចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនា នេះ បុនប៉ងថា កាយរបស់អាត្មាអញ កុំលំបាក ចក្ខុទាំងឡាយ ក៏កុំលំបាក ទាំងចិត្តរបស់អាត្មាអញក៏រួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់ មាំ អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ដោយប្រពៃចុះ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនា នេះ បុនប៉ងថា សេចក្តីត្រិះរិះដោយសេចក្តីរពឫកអាស្រ័យនូវកាមគុណដែលជា របស់អាត្មាអញ សេចក្តីត្រិះរិះដោយសេចក្តីរពឫកនោះ អាត្មាអញគួរលះបង់ ចោល ព្រោះហេតុនោះ អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ ដោយប្រពៃចុះ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ប្រសិនបើភិក្ខុក្នុងសាសនា នេះ បុនប៉ងថា អាត្មាអញគួរសម្គាល់ក្នុងរបស់ដែលមិនមែនជាបដិកូលថាជា បដិកូល អានាបានស្សតិសមាធិនេះឯង ភិក្ខុគួរយកចិត្តទុកដាក់ដោយប្រពៃចុះ ។