វេសាលីសូត្រ ទី ៩
ក្បាលទី 24 · ទំព័រ 492
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលានាព្រៃមហាវន ទៀបក្រុងវេសាលី ។ សម័យ នោះឯង ព្រះដ៏មានព្រះភាគទ្រង់សម្តែងអសុភកថា ទ្រង់សម្តែងគុណនៃអសុភ ទ្រង់សម្តែងគុណ នៃការចម្រើនអសុភ ដល់ភិក្ខុទាំងឡាយ ដោយអនេកបរិយាយ ។ គ្រានោះឯង ព្រះដ៏មានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតចង់គេចចាកអារម្មណ៍ សម្ងំនៅតែម្នាក់ឯងអស់ កន្លះខែ កុំឲ្យអ្នកណាមួយចូលទៅរកតថាគតឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំចង្ញាន់បិណ្ឌបាតទៅថ្វាយតថាគត ។ ពួកភិក្ខុនោះ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ដូច្នេះ ក៏ឥតមានភិក្ខុណាមួយ ចូលទៅរកព្រះដ៏មានព្រះភាគឡើយ វៀរលែងតែភិក្ខុ ១ រូប អ្នកនាំចង្ញាន់ បិណ្ឌបាតទៅថ្វាយព្រះដ៏មានព្រះភាគ ។