អដ្ឋកថា វេសាលីសូត្រ ទី ៩
លំដាប់នោះ ភិក្ខុទាំងនោះក៏គិតគ្នាថា ព្រះដ៏មានព្រះភាគត្រាស់ សម្តែងអសុភកថា ពោលសរសើរគុណនៃអសុភ ពោលសរសើរគុណនៃការចម្រើន អសុភដោយបរិយាយដ៏ច្រើន លុះគិតដូច្នេះហើយ ក៏នាំគ្នាប្រកបសេចក្តី ព្យាយាមក្នុងការចម្រើនអសុភជាច្រើនបែប ច្រើនវិធី ភិក្ខុទាំងនោះ ក៏នឿយណាយ ធុញទ្រាន់ ខ្ពើមឆ្អើម នឹងរាងកាយនេះ នាំគ្នាស្វែងរកគ្រឿងស្រស្តា ភិក្ខុ ១០ រូបនាំគ្រឿងស្រស្តាតែមួយថ្ងៃក៏មាន ២០ រូប ។ បេ ។ ពួកភិក្ខុ ៣០ រូបនាំគ្រឿងស្រស្តាមកតែមួយថ្ងៃក៏មាន ។ គ្រានោះឯង ព្រះដ៏មានព្រះភាគចេញចាកផលសមាបត្តិដោយ កាលកន្លះខែកន្លងទៅ ក៏ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ ហេតុ ដូចម្តេចហ្ន៎ បានជាពួកភិក្ខុហាក់ដូចជាស្តួចស្តើងទៅ ។ ទើបព្រះអានន្ទក្រាប ទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពិតដូចជាព្រះពុទ្ធដីកាណាស់ ព្រោះព្រះដ៏ មានព្រះភាគត្រាស់សម្តែងអសុភកថា ទ្រង់ពោលសរសើរអសុភ ទ្រង់ពោល សរសើរការចម្រើននូវអសុភ ដល់ភិក្ខុទាំងឡាយ ដោយបរិយាយដ៏ច្រើន ។ បពិត្រព្រះអង្គដ៏ចម្រើន លុះពួកភិក្ខុនោះគិតគ្នាថា ព្រះដ៏មានព្រះភាគត្រាស់ សម្តែងអសុភកថា ពោលសរសើរអសុភ ពោលសរសើរការចម្រើននូវអសុភ ដោយបរិយាយដ៏ច្រើន លុះភិក្ខុនោះ គិតដូច្នេះហើយ ក៏នាំគ្នាប្រកបសេចក្តី ព្យាយាមក្នុងការចម្រើនអសុភ ជាច្រើនបែបច្រើនវិធី ពួកភិក្ខុនោះនឿយណាយ ធុញទ្រាន់ ខ្ពើមឆ្អើមនឹងរាងកាយនេះ ក៏នាំគ្នាស្វែងរកគ្រឿងស្រស្តា ភិក្ខុ ១០ រូបនាំគ្រឿងស្រស្តាមកតែ ១ ថ្ងៃក៏មាន ២០ រូប បេ ។