អដ្ឋកថា កិមិលសូត្រ ទី ១០
កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទ ដ៏មានអាយុ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា សូម ទ្រង់ព្រះមេត្តាប្រោស កាលនេះជាកាលគួរដល់ព្រះដ៏មានព្រះភាគហើយ បពិត្រ ព្រះសុគត កាលនេះជាកាលគួរដល់ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគគួរ សម្តែងអានាបានស្សតិសមាធិ កាលភិក្ខុទាំងឡាយ បានស្តាប់ព្រះដ៏មានព្រះភាគ ហើយ នឹងបានចាំទុក ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកស្តាប់ចុះ យកចិត្តទុកដាក់ឲ្យប្រពៃចុះ តថាគតនឹងសម្តែង ។ ព្រះអានន្ទដ៏មានអាយុ ក៏ទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គដូច្នេះ ។ ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដោយពាក្យដូច្នេះថា ម្នាល អានន្ទ ចុះអានាបានស្សតិសមាធិដែលបុគ្គលចម្រើនដូចម្តេច ធ្វើឲ្យច្រើនដូចម្តេច ទើបមានផលច្រើន មានអានិសង្សច្រើន ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនា នេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក ( កម្មដ្ឋាន ) ។ ភិក្ខុនោះ មានស្មារតីដកដង្ញើមចេញ ។ បេ ។ សិក្សាថា អាត្មាអញឃើញរឿយៗ នូវធម៌ សម្រាប់លះកិលេសចោល នឹងដកដង្ញើមចេញ សិក្សាថា អាត្មាអញឃើញ រឿយៗ នូវធម៌សម្រាប់លះកិលេសចោលនឹងដកដង្ញើមចូល ។ ម្នាលអានន្ទ អានាបានស្សតិសមាធិ ដែលបុគ្គលចម្រើនយ៉ាងនេះ ធ្វើឲ្យច្រើនយ៉ាងនេះ រមែងមានផលច្រើន មានអានិសង្សច្រើន ។