ឥច្ឆានង្គលសូត្រ ទី ១
ក្បាលទី 24 · ទំព័រ 518
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃឈ្មោះ ឥច្ឆានង្គល ជិតស្រុកឥច្ឆានង្គល ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹង ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នានឹងសម្ងំនៅក្នុងទីស្ងាត់ អស់ ៣ ខែកុំឲ្យភិក្ខុណាមួយចូលមករកតថាគតឡើយ វៀរលែងតែភិក្ខុ ១ រូប អ្នកនាំមកនូវចង្ហាន់បិណ្ឌបាត ។ ភិក្ខុទាំងនោះទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏ មានព្រះភាគថា ព្រះករុណាព្រះអង្គ ឥតមានភិក្ខុណាមួយហានចូលទៅគាល់ ព្រះដ៏មានព្រះភាគ ក្នុងទីនោះទេ វៀរលែងតែភិក្ខុ ១ រូប អ្នកនាំមកនូវចង្ហាន់ បិណ្ឌបាត ។