អាសវក្ខយសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 60

ម្នាលភិក្ខុទាំងឡាយ ពួកស្វាឯណាមានជាតិ ជាសត្វមិនល្ងង់ខ្លៅ មានជាតិជាសត្វមិនរលោរលាំ នៅក្នុងទីនោះ ស្វាទាំងនោះ បានឃើញ ជ័រស្អិតនោះហើយ ក៏គេចចេញអំពីចម្ងាយ ។ ឯស្វាឯណា មានជាតិជាសត្វល្ងង់ខ្លៅ មានជាតិជាសត្វរលោរលាំ ស្វានោះក៏ចូលទៅរកជ័រ ស្អិតនោះ ហើយចាប់ដោយដៃ ក៏ជាប់ដៃនឹងជ័រស្អិតនោះ ទើបគិតថា អាត្មាអញ នឹងដោះដៃចេញ ហើយចាប់ដោយដៃមួយទៀត ក៏ជាប់ដៃនឹងជ៏រស្អិត នោះទៀត ទើបគិតថា អាត្មាអញនឹងដោះដៃទាំងពីរចេញ ហើយក៏ចាប់ដោយ ជើង ក៏ជាប់ជើងនឹងជ័រស្អិតនោះ ទើបគិតថា អាត្មាអញនឹងដោះដៃទាំងពីរ និងជើងចេញ ហើយចាប់ដោយជើងមួយទៀត ក៏ជាប់ជើងនឹងជ័រស្អិតនោះ ទៀត ទើបគិតថា អាត្មាអញនឹងដោះដៃទាំងពីរផង ជើងទាំងពីរផង ហើយក៏ ខាំដោយមាត់ ជាប់មាត់នឹងជ័រស្អិតនោះទៅទៀត ។ ម្នាលភិក្ខុទាំងឡាយ ឯ ស្វានោះក៏ជាប់ចំណង ៥ ប្រការ ដេកដកដង្ញើមធំ ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីហិនហោច ជាសត្វគួរធ្វើតាមសេចក្តីប្រាថ្នារបស់ព្រានបាន ។ ម្នាលភិក្ខុទាំងឡាយ ព្រានក៏ចាក់ស្វានោះ ហើយចាប់ភើចក្រន្តាក់ស្វាឡើង អំពីទីនោះមិនលែង ហើយចេញទៅកាន់ទីតាមប្រាថ្នា ។ ម្នាលភិក្ខុទាំងឡាយ ដំណើរដែលភិក្ខុត្រាច់ទៅក្នុងទីមិនមែនជាទីគោចរ ជាដែននៃបុគ្គលដទៃ រមែងមានដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នក ទាំងឡាយកុំត្រាច់ទៅក្នុងទីមិនមែនជាទីគោចរ ជាដែនរបស់បុគ្គលដទៃឡើយ ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រាច់ទៅក្នុងទីមិនមែនជាទីគោចរ ជាដែនរបស់បុគ្គលដទៃ មាររមែងបាននូវចន្លោះ មាររមែងបាននូវអារម្មណ៍ ។