ព្រហ្មចរិយោគធសូត្រ ទី ២
ក្បាលទី 24 · ទំព័រ 551
ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកដល់នូវសោតៈ ប្រកបដោយ ធម៌ ៤ យ៉ាង មានសភាពមិនធ្លាក់ចុះទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ ។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ប្រកបដោយ សេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អយាងទៅកាន់ ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ជាអ្នកទូន្មាននូវបុរសដូចជានាយសារថី ទ្រង់ ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ ចោលនូវត្រៃភព លែងវិលត្រឡប់មកកើតទៀត ១ ។