បឋមសារិបុត្តសូត្រ ទី ៤
សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះអានន្ទដ៏មាន អាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចេញចាកផលសមាបត្តិ ក្នុងវេលាសាយ័ណ្ហសម័យ ហើយចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ អង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយក៏ ពោលទៅនឹងព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពពួកស ត្វនេះ ដែលព្រះដ៏មានព្រះភាគព្យាករថា បានដល់សោតៈ មានសភាពមិន បានធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ យ៉ាងនេះ ព្រោះហេតុប្រកបដោយធម៌បុន្មានយ៉ាងហ្ន៎ ។ ម្នាលអាវុសោ ពពួកសត្វនេះ ដែលព្រះដ៏មានព្រះភាគព្យាករ ថា បានដល់សោតៈមានសភាពមិនបានធ្លាក់ចុះក្នុងអបាយជាបុគ្គលទៀង មាន កិរិយាត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខយ៉ាងនេះ ព្រោះហេតុប្រកបដោយធម៌ ៤ យ៉ាង ។ ធម៌ ៤ យ៉ាង តើដូចម្តេច ។ ម្នាលអាវុសោ អរិយសាវ័កក្នុង សាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មាន ព្រះភាគព្រះអង្គនោះ ។ បេ ។ ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ ត្រាស់ដឹងនូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោលនូវត្រៃភព លែងវិលត្រឡប់មក កើតទៀត ។ ក្នុងព្រះធម៌ ។ បេ ។ ក្នុងព្រះសង្ឃ ។ បេ ។ ប្រកបដោយសីលជាទី ត្រេកអររបស់ព្រះអរិយៈ ជាសីលមិនដាច់ ។ បេ ។ ប្រព្រឹត្តទៅព្រមដើម្បី សមាធិ ។