ព្រាហ្មណសូត្រ ទី ២
ក្បាលទី 24 · ទំព័រ 603
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ទាំងឡាយ តែងបញ្ញត្តនូវបដិបទាឈ្មោះឧទយគាមិនី ( ដំណើរទៅកាន់សេចក្តីចម្រើនក្នុង លទ្ធិរបស់ខ្លួន ) ព្រាហ្មណ៍ទាំងនោះ តែងញ៉ាំងសាវ័កឲ្យសមាទានយ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកចូរមកនេះ អ្នកចូរក្រោកឡើងអំពីព្រលឹម ហើយបែរ មុខទៅខាងកើតទៅ ចូរអ្នកកុំវៀរត្រពាំងទឹក កុំវៀរអណ្តូងទឹក ឬជ្រោះ កុំវៀរ ដង្គត់ កុំវៀរទីមានបន្លា កុំវៀរអណ្តូងជ្រាំ កុំវៀររណ្តៅដ៏ស្មោកគ្រោក បើអ្នក ធ្លាក់ចុះក្នុងទីណា អ្នកគប្បីរង់ចាំសេចក្តីស្លាប់ក្នុងទីនោះឯង ម្នាលបុរសដ៏ចម្រើន កាលបើយ៉ាងនេះ លុះអ្នករំលាងខន្ធ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងទៅកាន់ លោក គឺសុគតិ ស្ថានសួគ៌ ។