អដ្ឋកថា ទុគ្គតិភយសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 609

ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កប្រកបដោយធម៌ ៤ យ៉ាង នេះ ទើបកន្លងបង់នូវភ័យក្នុងទុគ្គតិទាំងពួងបាន ។ ធម៌ទាំង ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងធម្មវិន័យនេះ ប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ។ បេ ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ។ ( អរិយសាវ័កប្រកបដោយសេចក្តី ជ្រះថ្លាមិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ អរិយសាវ័កប្រកបដោយ សីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់ ។ បេ ។ ជាសីលប្រព្រឹត្តទៅដើម្បីសមាធិ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កប្រកបដោយ ធម៌ ៤ យ៉ាងនេះឯង តែងកន្លងបង់នូវភ័យក្នុងទុគ្គតិទាំងពួងបាន ។