បឋមទេវចារិកសូត្រ ទី ៨

ក្បាលទី 24 · ទំព័រ 616

សាវត្ថីនិទាន ។ គ្រានោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បាត់ខ្លួនក្នុងវត្តជេតពន មកប្រាកដក្នុងពួកទេវតាជាន់តាវត្តិង្ស ដូចជាបុរសមាន កម្លាំងលាដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ ដូច្នោះឯង ។ គ្រានោះឯង ទេវតាទាំងឡាយដែលនៅក្នុងពួកទេវតាជាន់តាវត្តិង្សជាច្រើន បាននាំគ្នាចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំ ព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះ ទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មាន អាយុ បានពោលដូច្នេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ ការប្រកប ដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គ នោះ ។ បេ ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ ។ ម្នាលអ្នកដ៏មាន អាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធយ៉ាងនេះ លុះដល់រំលាងខន្ធ បន្ទាប់ អំពីមរណៈ រមែងទៅកើតក្នុងលោក គឺសុគតិស្ថានសួគ៌ ។ ម្នាលអ្នកដ៏មាន អាយុទាំងឡាយ ប្រពៃណាស់ហើយ ( ការប្រកបដោយសេចក្តីជ្រះថ្លា មិន ញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ ការប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់ អរិយៈ ជាសីលមិនដាច់ ។ បេ ។ ជាសីលប្រព្រឹត្តទៅដើម្បីសមាធិ ។