តតិយទេវចារិកសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 619

គ្រានោះឯង ព្រះដ៏មានព្រះភាគក៏បាត់ព្រះអង្គក្នុងវត្តជេតពន ទៅប្រាកដក្នុងពួកទេវតាជាន់តាវត្តិង្ស ដូចជាបុរសមានកម្លាំង លាដៃដែលបត់ ចូល ឬបត់ចូលនូវដៃដែលលាចេញ ដូច្នោះឯង ។ គ្រានោះឯង ទេវតាទាំងឡាយ ដែលនៅក្នុងពួកទេវតាជាន់តាវត្តិង្សដ៏ច្រើន បាននាំគ្នាចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅ ក្នុងទីដ៏សមគួរ ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ព្រះដ៏ មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ ការប្រកប ដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គ នោះ ។ បេ ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ ។