បឋមមហានាមសូត្រ ទី ១
ក្បាលទី 24 · ទំព័រ 623
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ គ្រានោះ ឯង ព្រះមហានាមសក្យរាជ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះបានចូលទៅ ដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ ។ លុះព្រះមហា នាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន នគរកបិលពស្តុនេះ ជានគរស្តុកស្តម្ភ ធំ ទូលាយ មានមនុស្សច្រើន មានមនុស្សកុះករ មានច្រកចង្អៀតដ៏ច្រើន ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះឯង បានចូលមកអង្គុយជិតព្រះដ៏មាន ព្រះភាគផង បានចូលមកអង្គុយជិតភិក្ខុទាំងឡាយ ដែលគួរជាទីចម្រើនចិត្តផង ហើយចូលទៅនគរកបិលពស្តុ ក្នុងវេលាល្ងាចវិញ តែងទៅដោយដំរីលឿនក៏ មាន ទៅដោយសេះលឿនក៏មាន ទៅដោយរថលឿនក៏មាន ទៅដោយរទេះ លឿនក៏មាន ទៅដោយបុរសលឿនក៏មាន ។