ទុតិយមហានាមសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 627

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ ។ លុះព្រះមហានាម សក្យរាជគង់ក្នុងទីដ៏សមគួរហើយក៏ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន នគរកបិលពស្តុនេះ ជានគរស្តុកស្តម្ភ ធំទូលាយ មានមនុស្សច្រើន មានមនុស្សកុះករ មានច្រកចង្អៀតដ៏ច្រើន ។ បពិត្រព្រះអង្គ ដ៏ចម្រើន ខ្ញុំព្រះអង្គនោះឯង បានចូលមកអង្គុយជិតព្រះដ៏មានព្រះភាគផង បានចូលមកអង្គុយជិតភិក្ខុទាំងឡាយដែលគួរជាទីចម្រើនចិត្តផង ហើយចូលទៅ នគរកបិលពស្តុ ក្នុងវេលាល្ងាចវិញ តែងទៅដោយដំរីលឿនក៏មាន ទៅ ដោយសេះលឿនក៏មាន ទៅដោយរថលឿនក៏មាន ទៅដោយរទេះលឿន ក៏មាន ទៅដោយបុរសលឿនក៏មាន ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងពេល នោះ សតិរបស់ខ្ញុំព្រះអង្គ ប្រារព្ធព្រះដ៏មានព្រះភាគ ក៏ភ្លេចបាត់ទៅ សតិ ប្រារព្ធព្រះធម៌ ក៏ភ្លេចបាត់ទៅ សតិប្រារព្ធព្រះសង្ឃ ក៏ភ្លេចបាត់ទៅ ។ បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ប្រសិនបើអញ ធ្វើមរណកាលក្នុងសម័យនេះ គតិរបស់អញដូចម្តេចទៅ អភិសម្បរាយភព របស់អញដូចម្តេចទៅ ។ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ មរណភាពរបស់ព្រះអង្គ មុខជាមិនថយថោកទេ