អដ្ឋកថា គោធសក្កសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 629

កបិលវត្ថុនិទាន ។ គ្រានោះឯង ព្រះមហានាមសក្យរាជចូលទៅ រកព្រះគោធាសក្យរាជ លុះចូលទៅដល់ហើយ ទូលព្រះគោធាសក្យរាជ ដូច្នេះថា បពិត្រព្រះគោធា ព្រះអង្គបានជ្រាបបុគ្គលដែលជាសោតាបន្នៈ ប្រកបដោយធម៌បុន្មានយ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខ ។ ព្រះគោធាសក្យរាជទូលថា បពិត្រព្រះមហានាម ខ្ញុំដឹងច្បាស់នូវបុគ្គលដែលជាសោតាបន្នៈ ប្រកបដោយធម៌ទាំង ៣ យ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខ ។ ធម៌ទាំង ៣ យ៉ាង ដូចម្តេចខ្លះ ។ បពិត្រព្រះមហានាម អរិយសាវ័កក្នុងធម្មវិន័យនេះ ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ ។ បេ ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ។ ( អរិយ- សាវ័កប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ប្រកបដោយ សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះសង្ឃថា ព្រះសង្ឃសាវ័កនៃព្រះ ដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ ។ បេ ។ ជាស្រែបុណ្យដ៏ប្រសើរនៃ សត្វលោក ។ បពិត្រព្រះមហានាម ខ្ញុំដឹងច្បាស់នូវបុគ្គលដែលជាសោតាបន្នៈ ប្រកបដោយធម៌ទាំង ៣ យ៉ាងនេះឯង ទើបជាបុគ្គលមានសភាពមិន ធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខ ។