ទុតិយសរណានិសក្កសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 644

កបិលវត្ថុនិទាន ។ សម័យនោះឯង ព្រះសរកានិសក្យរាជ ទ្រង់ទិវង្គតទៅ ។ ព្រះអង្គជាអ្នកដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មាន ការត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខ ។ បានឮថា ពួកសក្យរាជច្រើនអង្គមក ប្រជុំគ្នាក្នុងទីនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យណាស់ តើ អើហ្ន៎ មិនដែលកើតមានទេតើ បើយ៉ាងហ្នឹង នរណានឹងមិនបានជាសោតាបន្នបុគ្គលក្នុងសាសនានេះ ព្រះសរកានិសក្យរាជ ដែលទ្រង់ទិវង្គតទៅហើយ នេះ មិនសមបើព្រះដ៏មានព្រះភាគទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មាន សភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅក្នុង ខាងមុខសោះ ។