អដ្ឋកថា ទុតិយភយវេរូបសន្តសូត្រ ទី ៩
ក្បាលទី 24 · ទំព័រ 668
ក្នុងបឋមវេរភយសូត្រទី ៨ មានអត្ថងាយយល់ហើយ ។ សាវត្ថីនិទាន ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវក បានស្ងប់រម្ងាប់ពៀរដែលគួរខ្លាចទាំង ៥ នេះ ( អរិយសាវ័កនោះ ) ក្របបដោយសោតាបត្តិយង្គ ៤ នេះ នេះជាញាយធម៌ដ៏ប្រសើរ ដែលអរិយសាវ័កបានឃើញល្អ បានចាក់ធ្លុះល្អហើយ ដោយប្រាជ្ញាដែរ ។ អរិយសាវ័ក នោះ កាលប្រាថ្នាគប្បីព្យាករខ្លួនដោយខ្លួនឯងថា អាត្មាអញអស់នរកហើយ លែងមានកំណើតតិរច្ឆានហើយ លែងមានកំណើតប្រេតហើយ អស់អបាយ ទុគ្គតិ និងវិនិបាតហើយ អាត្មាអញបានសម្រេចស្រោតៈហើយ មានធម៌មិន បានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹងទៅខាងមុខ ។