ភទ្ទិយសូត្រ ទី ៨
ក្បាលទី 24 · ទំព័រ 701
កបិលវត្ថុនិទាន ។ ( ត្រូវសម្តែងការចូលគាល់ផងចុះ ) ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភទ្ទិយសក្កៈ ដែលគង់ក្នុងទីសមគួរយ៉ាងនេះ ថា ម្នាលភទ្ទិយៈ អរិយសាវ័កប្រកបដោយធម៌ ៤ រមែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹងទៅខាងមុខ ។ ធម៌ ៤ តើដូច ម្តេចខ្លះ ។ ម្នាលភទ្ទិយៈ អរិយសាវ័កក្នុងសាសនានេះ ( ប្រកបដោយសេចក្តី ជ្រះថ្លាមិនញាប់ញ័រ ) ក្នុងព្រះពុទ្ធ ។ ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ប្រកបដោយ អរិយកន្តសីល ជាសីលមិនដាច់ ។ បេ ។ ប្រព្រឹត្តទៅដើម្បីសមាធិ ។ ម្នាលភទ្ទិយៈ អរិយសាវ័ក ដែលប្រកបដោយធម៌ ៤ នេះ រមែងសម្រេច ស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹងទៅខាងមុខ ។