ធម្មទិន្នសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 709

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ។ គ្រានោះឯង ឧបាសក ឈ្មោះធម្មទិន្ន ព្រមដោយពួកឧបាសក ៥០០ នាក់ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះធម្មទិន្នឧបាសកអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទូន្មានពួកខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅពួកខ្ញុំព្រះអង្គនូវ ធម៌ ដែលឲ្យបានប្រយោជន៍ និងសេចក្តីសុខដល់យើងខ្ញុំ អស់កាលជាយូរអង្វែង ។